ករណីដែលមន្រ្តីនគរបាលប៉ុស្តិ៍បឹងសាឡាងផ្ទុះអាវុធ៤គ្រាប់ បណ្តាលឲ្យជនស៊ីវិល ម្នាក់រងរបួសនោះ ដោយសារតែបុរសជានគរបាលញៀនថ្នាំ ហើយពេលដែលថ្នាំ ញៀនធ្វើទុក្ខ ធ្វើឲ្យគាត់មានប្រតិកម្មយ៉ាងដូច្នេះឯង។ នេះវាគ្រាន់តែជាគ្រោះថ្នាក់ ចុះ បើស្លាប់ជីវិតពលរដ្ឋស្លូតត្រង់ តើរឿងនេះទៅជាយ៉ាងណា? អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋ ខ្ញុំបាទចាប់អារម្មណ៍ គឺស្នងការនគរបាលរាជធានីភ្នំពេញប្រកាសចាត់វិធានការលើមន្រ្តើ នគរបាលដែលមានសារធាតុញៀនក្នុងខ្លួន។ ការតាំងចិត្ត និងការប្តេជ្ញាចិត្ត របស់ស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈការត្រួតពិនិត្យទឹកនោមមន្រ្តីនគរ បាលនោះ គឺផ្តល់សេចក្តីទុកចិត្តថា នគរបាលទាំងអស់ចំណុះឲ្យស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ មិនពាក់ព័ន្ធនឹងការប្រើប្រាស់ ឬជួញដូរគ្រឿងញៀននោះឡើយ។
ការប្តេជ្ញាចិត្ត និងការតាំងចិត្តដ៏ហំហានរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ផ្ទុយស្រឡះពីអ្វីដែលបានឃើញ គឺវាបានកើតឡើងនៅវេលាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នៅក្បែរប៉ុស្តិ៍នគរបាលបឹងសាឡាង។ មន្រ្តីនគរបាលប៉ុស្តិ៍បឹងសាឡាង១ រូប ព្រោះតែថ្នាំញៀនធ្វើទុក្ខ បានបាញ់ដោយកាំភ្លើងអាកា ចំនួន៤គ្រាប់ បណ្តាលឲ្យ ត្រូវពលរដ្ឋស្លូតត្រង់១រូបរងរបួស។ នេះបញ្ជាក់ថា មន្រ្តីនគរបាលរបស់យើងរូបនេះ មានពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ ដូច្នេះការប្តេជ្ញាចិត្តរបស់ស្នងការនគរ បាលរាជធានីភ្នំពេញ ហាក់ដូចជាមិនគ្របដណ្តប់ចំពោះមន្រ្តីនគរបាលទាំងអស់នោះ ឡើយ។ ផ្ទុយទៅវិញមានមន្រ្តីនគរបាលប្រើប្រាស់គ្រឿងញៀនដូចករណីខាងលើនេះ ជាឧទាហរណ៍ស្រាប់។ ការប្រើប្រាស់គ្រឿងញៀនហាក់ដូចជាកំពុងវាយលុកយ៉ាង ខ្លាំង មិនថាទីក្រុង ឬទីជនបទនោះឡើយ ហើយមិនថាប្រជាពលរដ្ឋ ឬជនជាអាជ្ញាធរ ឬសមត្ថកិច្ចប្រដាប់អាវុធនោះឡើយ។
នៅពេលដែលដឹងថា មន្រ្តីនគរបាលក្លាយជាជនប្រើប្រាស់គ្រឿងញៀននោះ ធ្វើឲ្យ ប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តជាខ្លាំង។ តើឲ្យប្រជាពលរដ្ឋទៅពឹងពាក់សមត្ថកិច្ចម្តេច នឹងកើត? បើសមត្ថកិច្ចជាអ្នកប្រើប្រាស់គ្រឿងញៀនទៅហើយនោះ។ ថ្នាក់ដឹកនាំនគរ បាលអាចនិយាយថា វាគ្រាន់តែមួយករណីប៉ុណ្ណោះ។ ប៉ុន្តែប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញមានមន្ទិលថា នគរបាលផ្សេងទៀត ទោះបីមិនច្រើន ដែលអាចពាក់ព័ន្ធ នឹងការប្រើប្រាស់គ្រឿងញៀន។ ដូច្នេះអ្វីដែលត្រូវធ្វើ គួរតែស្នងការនគរបាលរាជធានី ភ្នំពេញចាត់វិធានការជាថ្មីម្តងទៀត ត្រួតពិនិត្យទៅលើកម្លាំងនគរបាលទាំងអស់នៅ តាមបណ្តាប៉ុស្តិ៍ ក៏ដូចជាអធិការដ្ឋាន និងស្នងការ ដើម្បីឲ្យប្រាកដថា កម្លាំងនគរបាល ទាំងអស់មិនជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀននោះទេ។
ក្នុងនាមជាអ្នកថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ខ្លួនមិនគួរជាអ្នកប្រើប្រាស់ គ្រឿងញៀននោះឡើយ។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ និងដើម្បីធានាបានថា មន្រ្តីនគរបាលទាំងអស់មិនជាប់ជំពាក់នឹងការប្រើប្រាស់គ្រឿងញៀន គួរតែមានការ ត្រួតពិនិត្យសុខភាពឲ្យបានទៀងទាត់រៀងរាល់៣ខែម្តង។ ពីព្រោះថា បុរសជាមន្រ្តី នគរបាលដែលបាញ់បោះខាងលើឮថាឆ្លងកាត់ការត្រួតពិនិត្យរួចហើយ គាត់គ្មានពាក់ ព័ន្ធការប្រើប្រាស់គ្រឿងនោះឡើយ។ តិចលោ៣ខែមុនគាត់មិនប្រើ គឺគាត់ទើបតែប្រើ ក្នុងរយៈពេលថ្មីៗ ដូច្នេះគួរតែចំណាយពេលពិនិត្យសុខភាពមន្រ្តីនគរបាលទាំងអស់ ក្នុងរយៈពេល៣ខែម្តង៕ ប្រជាពលរដ្ឋម្នាក់