ភ្នំពេញ៖ ដើម្បីបញ្ជៀបការយល់ដឹងច្បាប់ស្តីពីសំណង់និងដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើងលើវិស័យសំណង់ ក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ មិនា ២០២០ បានរៀបចំវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ដល់អាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញនៃរដ្ឋបាលរាជធានីភ្នំពេញ ។
ពីធីនេះធ្វើឡើងក្រោមអធិបតី លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញព្រមទាំងមន្ត្រីចូលរួមជាង៣០០នាក់ នៅសាលារាជធានីភ្នំពេញ ។
លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា វគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ដល់អាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញនៃរដ្ឋបាលរាជធានីភ្នំពេញនេះធ្វើឡើង គឺក្នុងគោលបំណងដើម្បីបញ្ជៀបការយល់ដឹងច្បាប់ស្តីពីសំណង់ដែលមានចែងក្នុងច្បាប់ស្តីពីសំណង់ ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់មន្ត្រីរបស់យើង ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។
លោកឃួង ស្រេង ក៏បានលើកឡើងថា វិស័យសំណង់នៅភ្នំពេញ គិតត្រឹមឆ្នាំ២០១៩នេះ យើងមានសំណង់បុរីនិងបណ្តុំផ្ទះល្វែងចំនួន២៣៧កន្លែង អគារខ្ពស់ៗចំនួន៤ជាន់ឡើងទៅមានចំនួន១២៤៧ទីតាំង ផ្ទះសំណាក់មានចំនួន៦៣៤ទីតាំង សណ្ឋាគារផ្កាយ៥ ចំនួន៤ទីតាំង សណ្ឋាគារប្រណិតៗចំនួន២៦០ទីតាំង និងទទួលបាននូវគម្រោងសាងសង់ថ្មីៗទៀតចំនួន ១០៣០គម្រោង ដែលមានទំហំទុនវិនិយោគប៉ាន់ប្រមាណប្រហែលជា៣;៤ពាន់លានដុល្លារអាមេរិក។
លោកបន្តថា ទន្ទឹមនឹងការរីកចំរើននេះរាជធានីភ្នំពេញក៏មានបញ្ហាប្រឈមយ៉ាងខ្លាំងផងដែរ ពិសេសលើវិស័យសំណង់នេះ ព្រោះថាសំណង់កាន់តែច្រើន ទំហំកាន់តែធំ អគារកាន់តែខ្ពស់ ធ្វើអោយយើងកាន់តែស្មុកស្មាញ ដែលទៀមទាអោយយកចិត្តទុកដាក់ពង្រឹងយន្តកាលគ្រប់គ្រងរាល់ដំណើរការសាងសង់ និងការដ្ឋានសំណង់
ទាំងអស់អោយបានត្រឹមត្រូវទៅតាមស្តង់ដាគុណភាព បច្ចេកទេសសាងសង់ ដើម្បីធានាភាពរឹងមាំ សោភណ្ឌភាពគុណភាពសំណង់និងដើម្បីបញ្ជៀសគ្រោះថ្នាក់ការងារដែលកើតឡើងដោយយថាហេតុ។
លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ បានមានប្រសាសន៍លើកឡើងថា ដោយការខិតខំប្រឹងប្រែងអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចបានធ្វើអោយរាជធានីភ្នំពេញ មានការអភិវឌ្ឍនិងមានសន្តិសុខល្អប្រសើរ ។
លោកជា សុផារ៉ា បន្តថា ច្បាប់សំណង់ដែលធ្វើការផ្សព្វផ្សាយនេះមានចំនួន២២ជំពូកនិង១១១មាត្រា ហើយគោលបំណងបង្កើតអោយមានការផ្សព្វផ្សាយនេះ គឺទី១ ចង់អោយអាជ្ញាធរ មន្ត្រីជំនាញទាំងអស់ដឹងអំពីគោលការណ៍វិធានសំខាន់ៗ ដើម្បីធានាអនុវត្តអោយបានត្រឹមត្រូវ មានការឯកភាពគ្នា បំពេញតួនាទី សមត្ថកិច្ចរបស់ខ្លួនប្រកបទៅដោយការទទួលខុសត្រូវ។ គោលបំណងទី២ គឺការជម្រុញការលើកកំពស់ក្រមសីលធម៌វិជ្ជាជីវ របស់អ្នកវិជ្ជាជីវនិងក្រុមហ៊ុនប្រកបការងារលើវិស័យសំណង់។ទី៣ បង្កើនប្រសិទ្ធភាពក្នុងគ្រប់គ្រងវិស័យសំណង់ តាមរយៈការបង្កើនជំនឿទុកចិត្តដល់អ្នក
វិនិយោគគិននិងអតិថិជនគ្រប់វិស័យទាំងអស់។
លោកបន្តថា លើការងារនេះយើងបានបណ្តុះ
បណ្តាលរួចហើយ នៅតាមបណ្តាលខេត្ត រាជធានីមួយចំនួន ក្នុងនោះ នៅបន្ទាយមានជ័យ សៀមរាប ព្រះសីហនុភ្នំពេញ ខណៈ ខេត្តនិងរាជធានីនេះកើតឡើងនូវសំណង់ច្រើន ហើយចំពោះការផ្សព្វផ្សាយវិញ យើងបានផ្សព្វផ្សាយរួចហើយដូចជា នៅខេត្តកំពង់ស្ពឺ កំពង់ចាម ខេត្តកែបនិង ត្បូងឃ្មុំជាដើម។
លោកបញ្ជាក់ផងដែរថា កន្លងមកនេះនៅខេត្តបន្ទាយមានជ័យ និងខេត្តព្រះសីហនុមានសំណង់អត់ច្បាប់ប្រមាណ៧៥ភាគរយ ពេលនេះយើងមានច្បាប់ហើយ ដូច្នេះទេដើម្បីធានាប្រសិទ្ធភាពនៅក្នុងការអនុវត្តច្បាប់សំណង់នេះ លោកស្នើអោយអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ មិនអនុញ្ញាតិគឺមិនអោយសាងសង់ ។ ច្បាប់នេះបានចែងអស់ហើយ ដោយអ្នកល្មើសនឹងមានទោសទណ្ឌថែមទៀត៕សំរិត