ព័ត៌មានទាន់ហេតុការណ៍៖

អ្នកវិភាគ៖ អាមេរិកមានចេតនារក្សាការប្រឈមមុខជាមួយអ៊ីរ៉ង់ និងកូរ៉េខាងជើង

ចែករំលែក៖

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា អាមេរិក មានចេតនា រក្សាកម្តៅ ការប្រឈមដាក់គ្នាទាំងជាមួយប្រទេសអ៊ីរ៉ង់ ក្នុងតំបន់មជ្ឈិមបូព៌ា​ ក៏ដូចជា កូរ៉េខាងជើង នៅអាស៊ីខាងកើត ដើម្បីសម្រេចគោលដៅយោធា និងផលប្រយោជន៍របស់អាមេរិកនៅទីនោះ​ ។

ប្រសិនបើអាមេរិកបញ្ចប់ការប្រឈមមុខតានតឹងជាមួយអ៊ីរ៉ង អាមេរិកមិនអាចលក់អាំវុធទៅឲ្យបណ្តាប្រទេស​ អារ៉ាប់នោះឡើយ ក៏ដូចជាសម្រេច គោលដៅគ្រប់គ្រងអណ្តូងប្រេងនៅទីនោះ ។ ដោយឡែកនៅក្នុងប្រទេសកូរ៉េខាងជើង ក៏ដូច្នេះដែរ អាមេរិក មានចេតនាយ៉ាងច្បាស់ ក្នុងការរក្សាស្ថានភាពប្រឈមមុខដាក់គ្នា បើទោះបីអាមេរិក បានដឹងថា​ ទាំងអ៊ីរ៉ង់ និងកូរ៉េខាង​ចង់បញ្ចប់ក៏ដោយ​ ។

ជាមួយគ្នានេះដែរ​អង្គការ​សហប្រជាជាតិ​កំពុង​តាមដាន​សំណុំ​រឿង​កូរ៉ខាង​ជើង​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត ។ ស្ថានភាព​ហាក់​កំពុង​លេច​សញ្ញា​មិន​ល្អ កាន់​តែ​ច្រើនឡើងៗ​ ក្តី​សង្ឃឹម​ថា​ និង​​ឃើញ​វ៉ាស៊ីនតោន​ និង​ព្យុងយ៉ាង ​ជួប​ចរចា​គ្នា បន្ត​ពី​អ្វី​ដែល​បាន​ចាប់​ផ្តើម​នៅ​សិង្ហបុរី កាលពី​ខែ​មិថុនា​ឆ្នាំ ២០១៨ ទំនង​ជា​រលត់​ឈឹង​ត្រឹម​ថ្ងៃទី ៣១​ធ្នូ​ខាង​មុខ​នេះ​ហើយ ។

កាលពីថ្ងៃទី៥ខែធ្នូ ក្រុម​៦​ប្រទេស​របស់​សហភាព​អឺរ៉ុប​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ចេញ​​សេចក្តី​ថ្លែងការណ៍​​​ថ្កោល​ទោស​សកម្មភាព​ផ្គើន​របស់​កូរ៉េខាង​ជើង ដែល​ទើប​បាន​បាញ់​សាក​ល្បង​មីស៊ីល​ជា​ថ្មី​ តរដឹក​គម្រប់លើក​ទី ១៣ គិត​ចាប់​​តាំង​ពី​ខែ​ឧសភា​ ដល់​ថ្ងៃទី ២៨ ​វិច្ឆិកា ។

សម្រាប់អឺរ៉ុប វា​ជា​ការ​ចាំ​បាច់​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ត្រូវ​ធានា​ឲ្យ​បាន​មធ្យ័ត​នូវ​ការ​អនុវត្ត​តាម​សេចក្តី​សម្រេចរបស់​ខ្លួន​ ​​​​ និងការ​អនុវត្ត​ទណ្ឌកម្ម​ លើ​​កូរ៉េខាងជើង ដូច​ដែល​ក្រុមប្រឹក្សា​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ ។

តាំង​ពី​ខែ​ឧសភា​មក​ ក្រោយ​ការ​បាញ់​សាកល្បង​មីស៊ីល​របស់ព្យុងយ៉ាង​ អឺរ៉ុប បាន​ទាមទារ យ៉ាង​ទៀង​ទាត់​ ឲ្យ​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បើក​កិច្ច​ប្រជុំ​ស្តី​ពី​​កូរ៉េខាង​ជើង​ និង​រាល់​លើក ក្រុម​ប្រឹក្សា​បាន​ចេញ​ថ្លែងការណ៍​​រួម​​ថ្កោល​ទោស ព្រោះ​ តាម​​សេចក្តី​សម្រេច​អង្គការ​សហប្រជាជាតិ ព្យុងយ៉ាង​គ្មាន​សិទ្ធិ​សាក​ល្បង​មីស៊ីល​ឡើយ ។

កូរ៉េខាងជើងនៅក្នុងសប្ដាហ៍នេះបាននិយាយថា ខ្លួន និងបញ្ជូនកញ្ចប់កាដូមួយសម្រាប់ថ្ងៃបុណ្យណូអែល ឲ្យសហរដ្ឋអាមេរិក ខណៈក្រុមអ្នកជំនាញយល់ថា អំណោយអ្វីឲ្យប្រាកដនៅក្នុងកញ្ចប់កាដូ គឺវាអាស្រ័យទៅលើថាតើលោក ដូណាល់ ត្រាំ និងធ្វើឲ្យលោក គីម ជុងអ៊ុន សប្បាយចិត្ត ឬខូចចិត្តនៅមុនចុងឆ្នាំ២០១៩ នេះប៉ុណ្ណោះ ហើយវាក៏ជាក៏អាចជាការបញ្ឆេះកម្តៅ នៅឧបទ្វីបកូរ៉េឡើងវិញផងដែរ ។

លោក រី ថែសុង (Ri Thae Song) ជាអនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការបរទេសកូរ៉េខាងជើង ទទួលបន្ទុកកិច្ចការអាមេរិក គឺជាអ្នកបង្ហើបដំបូងគេពីកញ្ចប់កាដូ ដែលត្រូវផ្ញើឲ្យសហរដ្ឋអាមេរិកនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅសប្ដាហ៍នេះ ។ តែព្រមពេលជាមួយគ្នាលោក Song បានចោទប្រកាន់ថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងប្រើប្រាស់កិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ជាឧបករណ៍ដើម្បីកេងចំណេញ ផលប្រយោជន៍នយោបាយនៅក្នុងស្រុក ។ លោកបន្ថែមថា អំណោយក្នុងកញ្ចប់កាដូបុណ្យណូអែល គឺសហរដ្ឋអាមេរិកខ្លួនឯងជាអ្នកជ្រើសរើស ។

ការលើកឡើងរបស់លោក Ri Thae Song ត្រូវបានក្រុមអ្នកជំនាញមួយចំនួនបកស្រាយថា គឺជាសញ្ញាមួយបង្ហាញថា កូរ៉េខាងជើងទំនងជាអាច និងចាប់ផ្ដើមការបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) ឡើងវិញ ស្របពេលកាលកំណត់ត្រឹមនៅចុងឆ្នាំ២០១៩ ដែលលោក គីម ជុងអ៊ុន ដាក់ឲ្យលោក ដូណាល់ ត្រាំ ស្ដារកិច្ចចរចានុយក្លេអ៊ែរ នៅសល់តែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ ។

កាលពីឆ្នាំ២០១៧ កូរ៉េខាងជើងធ្លាប់បានអះអាងម្ដងរួចមកហើយថា ការបាញ់សាកល្បងជាលើកដំបូងនូវមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) របស់ខ្លួនជាកាដូមួយ សម្រាប់ទីក្រុងវ៉ាស៊ីនតោន នាឱកាសបុណ្យឯករាជ្យជាតិអាមេរិកថ្ងៃទី០៤ ខែកក្កដា ។

បន្ថែមពីលើនេះ ការសន្និដ្ឋានជុំវិញការធ្វើតេស្ដមីស៊ីលប្រភេទនេះឡើងវិញ បានកើតមានជាថ្មីបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង កាលពីថ្ងៃពុធម្សិលមិញបានបង្ហោះរូបភាពជាច្រើនសន្លឹករបស់លោក គីម ជុងអ៊ុន ជិះសេះសកម្សាន្តនៅលើភ្នំ ផេកទូ (Paektu) ជាលើកទី ៣ ដែលជាប្រថ្នូលថា និងមានការសម្រេចចិត្តធំមួយ និងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ។ ជាក់ស្ដែង កាលពីខែតុលាកន្លងទៅ ទីក្រុងព្យុងយ៉ាបាញ់មីស៊ីលរយៈចំងាយខ្លីជាបន្តបន្ទាប់ ក្រោយលោក គីម ជិះសេះសកម្សាន្តនៅលើភ្នំដ៏ពិសិដ្ឋ សម្រាប់ប្រជាជនកូរ៉េខាងជើមួយនេះ ។

ជុំវិញបញ្ហខាងលើនេះ លោកស្រី ឌូយុន គីម (Duyeon Kim) ជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់លើកិច្ចការអាស៊ីភាគឦសាន និងគោលនយោបាយនុយក្លេអ៊ែរ នៃអង្គការក្រៅរដ្ឋ International Crisis Group បានបង្ហាញការយល់ឃើញថា អំណោយនៅក្នុងកញ្ចប់កាដូបុណ្យណូអែលរបស់កូរ៉េខាងជើង គឺវាអាស្រ័យថាតើលោក ត្រាំ អាច និងធ្វើឲ្យលោក គីម សប្បាយចិត្ត ឬខូចចិត្តនៅមុនចុងឆ្នាំនេះ ។ ពោលបើលោក ត្រាំ ផ្ដល់សម្បទានបន្ថែមណាមួយ ឬបើកកិច្ចចរចាជាថ្មីជាមួយកូរ៉េខាងជើង ឲ្យបានមុនកាលកំណត់ត្រឹមចុងឆ្នាំ ដែលលោក គីម ជាអ្នកកំណត់ នោះស្ថានការណ៍អាច និងល្អប្រសើរមួយរយៈតាមហ្នឹងដែរ៕


ចែករំលែក៖