ភ្នំពេញ៖ ថ្ងៃនេះជាខួបលើកទី១១០ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្រ្តីនិងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩»។ ប្រធានបទនេះបង្ហាញយ៉ាងច្បាស់ពីតម្លៃនិងតួនាទីស្រ្តី ដែលមិនអាចខ្វះបាននៅក្នុងសង្គមជាតិ នៅគ្រប់កាលៈទេសៈ ជាពិសេសនៅក្នុងបរិការណ៌មានវិបត្តិឬហានិភ័យអ្វីមួយ។ ជាក់ស្តែងនៅក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលកំពុងរាតត្បាតនេះយើងកាន់តែមិនអាចខ្វះបាននូវវត្តមានអ្នកគ្រូពេទ្យដែលជាទ័ពជួរមុខក្នុងសមរភូមិដែលយើងមិនស្គាល់ពីសត្រូវច្បាស់នៅឡើយនោះ។ វីរភាពរបស់អ្នកគ្រូពេទ្យនៅក្នុងពេលនេះ មិនត្រឹមជាអ្នកគ្រូពេទ្យមើលថែអ្នកជំងឺនោះទេ តែពួកគាត់ប្រៀបដូចជាមាតា ជាភរិយា បងនិងជាប្អូនស្រី ដែលមើលថែ ផ្តល់ភាពកក់ក្តៅ កម្លាំងចិត្តដល់ប្រជាពពលរដ្ឋដែលងាយនឹងរងគ្រោះទំាងអស់។
ជារៀងរាល់ឆ្នាំនៅក្នុងឱកាសដ៏មានតម្លៃនេះ ខ្ញុំតែងតែទទួលជួបប្រតិភូស្រ្តីមកពីវិស័យផ្សេងៗទំាងនៅក្នុងជួររាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងធុរកិច្ច ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនភាព សំណូមពរ និងបានផ្តល់អនុសាសន៍សំដៅលើកកម្ពស់តម្លៃស្រ្តីឱ្យស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៌ប្រកបដោយចីរភាព (SDG)។ ក្នុងនាមថ្នាក់ដឹកនាំស្ថាប័ននីតិប្បញត្តិខ្ញុំតែងតែគំាទ្រដល់ការបង្កើតច្បាប់និងយន្តការនានាដើម្បីលើកកម្ពស់តួនាទីស្រ្តីនៅលើគ្រប់វិស័យ ជាអាទិ៍វិស័យនយោបាយ អប់រំ សង្គម សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។
ខ្ញុំសូមវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងដល់រាជរដ្ឋាភិបាល ក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ព្រមទាំងអង្គការជាតិនិងអន្តរជាតិទាំងអស់ដែលបានរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈតួនាទី សុខមាលភាពស្ត្រី និងកុមារ ហើយមានជំនឿជាក់ជាក់យ៉ាងមុតមាំថា ទោះបីជាយើងកំពង់ប្រឈមនឹងវិបត្តិកូវីដ-១៩ នេះក៏ដោយ ក៏យើងទាំងអស់គ្នាបន្តខិតខំប្រឹងប្រែង និងពង្រឹងកិច្ចសហការរួមគ្នាបន្ថែមទៀតសំដៅលើកកម្ពស់ស្រ្តីរបស់យើងឱ្យកាន់តែមានភាពប្រសើរថែមទៀត។
ឆ្លៀតឱកាសនេះ ទួលបង្គំជាខ្ញុំសូមរាជានុញ្ញាតលំឱនកាយសម្តែងនូវអំណរព្រះគុណ និងថ្វាយព្រះពរជ័យសេរីមង្គល សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុក្ខដាក់អំពីសុខទុក្ខ នឹងជីវភាពរបស់កូនចៅ ពិសេសការលើកកម្ពស់សមភាពយែនឌ័ររបស់ស្ត្រី និងក្មេងស្រីនៅព្រះរាជាណាចក្រកម្ពុជាយើង៕
ដោយ៖សូរិយា